លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ កាលពីម្សិលមិញ បានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះក្នុងអំពើហិង្សាឡើយ តែលោកចង់ឲ្យជនរងគ្រោះដាក់បណ្តឹងទៅតុលាការខេត្តបាត់ដំបង

 


បាត់ដំបង៖ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ កាលពីម្សិលមិញ បានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះក្នុងអំពើហិង្សាឡើយ តែលោកចង់ឲ្យជនរងគ្រោះដាក់បណ្តឹងទៅតុលាការខេត្តបាត់ដំបងវិញ។

បុរសជាជនរងគ្រោះបួននាក់ក្នុងស្រុកគាស់ក្រឡ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីស្វែងរកយុត្តិធម៌ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានដំណឹងអំពីចំណាត់ការរបស់មន្ត្រីនគរបាលឡើយ។
ពួកគាត់បាននិយាយថា អស់រយៈពេលជាង១០ថ្ងៃកន្លងមកហើយ នគរបាលគ្មានរកដោះស្រាយទាល់តែសោះ ខណៈលោកអធិការនគរបាលស្រុកគាស់ក្រឡ ចាត់ទុកថា អំពើហិង្សា និងគំរាមសម្លាប់នេះ គឺជារឿងតូចតាច។
ក្នុងបណ្តឹងព្រហ្មទណ្ឌនេះ លោកវរសេនីយ៍ឯក ប៉ាង ហៀង បានបញ្ជាក់ថា «តាមពិតរឿងនឹងវាតិចតួចណាស់ រឿងដែលមិនអាចដាក់តុលាការបាន ហើយខ្ញុំមិនទាន់បានទទួលផងថា ជារឿងអី! រឿងអី! ព្រោះនៅជំនាញគេ ខ្ញុំម៉េចដឹងទេ ដោយជាប់រវល់ប៉ុន្មានថ្ងៃ។ ចំពោះចំណាត់ការ យើងមិនទាន់បានទទួល យើងអត់ហ៊ានថាយ៉ាងម៉េចទេ»។
លោកអធិការ បានសង្កត់ថា «មេប៉ុស្តិ៍ចេះតែទម្លាក់មកអធិការ ហើយអធិការមិនដឹងស្អីជាស្អី អធិការការងារច្រើន។… បើយើងកាន់ជើងពលរដ្ឋ ខុសក្រុមហ៊ុន បើកាន់ជើងក្រុមហ៊ុន វាខុសពលរដ្ឋ ។ យើងត្រូវទ្រោលសភាពការណ៍ទាំងអស់ដើម្បីសម្របសម្រួលកុំឲ្យមានបញ្ហា ព្រោះរឿងអត់ទាន់អន្តរាយមានព្យសនកម្ម វាស្លាប់ស្អី……អត់មានទេ»។ លោក ប៉ា ហៀង បានបញ្ជាក់ថា រឿងនឹងប្រសិនបើលោកបានទទួល លោកនឹងចាត់ចែងហៅមកសួរនាំហើយ មិនអត់ទេ។ «ព្រោះអ្វីដែលគេដាក់ប្តឹង យើងត្រូវទទួល…មិនថាយើងអាជ្ញាធរព្រងើយកន្តើយទេ តម្រូវការរបស់ប្រជាពលរដ្ឋត្រូវតែធ្វើ និងដោះស្រាយ»។
បុរសរងគ្រោះក្នុងអំពើហិង្សា និងគំរាមសម្លាប់ រួមមាន៖ ១-ឈ្មោះ ព្រឿង ចេក អាយុ៣២ឆ្នាំ។ ២-ឈ្មោះ ឃិត ល័ក្ខ អាយុ២៧ឆ្នាំ។ ៣-ឈ្មោះ ជា ឈុនលាភ អាយុ២៣ឆ្នាំ។ ៤-ឈ្មោះ រ៉ម គឹមហួរ អាយុ៣៣ឆ្នាំ។ អ្នកទាំងបួននាក់ ស្នាក់នៅក្នុងដីជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនមួយ ស្ថិតនៅក្នុងឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
យោងតាមពាក្យបណ្តឹងបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភ្នំតូច ភ្នំធំ ក្រុមការងារបានដើរល្បាតនៅលើដីនេះ ដើម្បីអនុវត្តតាមអនុសាសន៍ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្នើសុំឲ្យគូភាគីដោះស្រាយវិវាទដីធ្លីតាមគោលនយោបាយ ឈ្នះ-ឈ្នះ ក្រោមរូបភាពរកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងអនុវត្តតាមស្មារតីអង្គប្រជុំ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ របស់លោកអភិបាលស្រុកគាស់ក្រឡ។
បុរសទាំងបួននាក់បានរៀបរាប់ថា ពេលពួកគេកំពុងដើរល្បាតការពារដី នៅត្រង់ចំណុចភ្នំតូច-ភ្នំធំ ក្នុងភូមិសាស្ត្រ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឃើញបុគ្គលឈ្មោះ ជា ឈ្លឿយ កំពុងឈូសឆាយដី បំពាននឹងសេចក្តីជូនដំណឹរងរបស់លោកអភិបាលស្រុកតាស់ក្រឡ ហើយបានថតរូប ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ស្រាប់តែបុគ្គល ជា ឈ្លឿយ ឈប់ត្រាក់ទ័រ រួចទាញកាំបិតខ្វែវសំដៅមកក្រុមការងារ និងក្របួចកអាវ សមាជិកក្រុមការងារម្នាក់ឈ្មោះ ព្រឿង ចេក ហើយសំឡុតឲ្យលុបវីដេអូ និងរូបភាពចោលឲ្យអស់ បើមិនលប់បុគ្គលនោះនឹងកាប់សម្លាប់ភ្លាម។ បន្ទាប់មកបុគ្គលឈ្មោះ ជា ឈ្លឿយ បានឆក់យកទូរស័ព្ឋពីឈ្មោះ ព្រឿង ចេក ដោយពោលពាក្យដូច្នេះថា «ថត អាញ់កាប់ងាប់ លុបចោលឲ្យអស់ លុប….លុបមិនលុប…»។
ភ្លាមៗនោះដែរឈ្មោះ កើត គឹមឡាង (ហៅយាយ២៣) បានគប់ដុំថ្មសំដៅក្បាលសមាជិកក្រុមការងារម្នាក់ទៀត ឈ្មោះ ឃិត ល័ក្ខ ដែលលើកដៃរងរហូតបែកមេដៃតែម្ដង។ ក្រោយពេលកើតហេតុភ្លាម ក្រុមបុរសរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា ដើម្បីស្វែងរកយុត្តិធម៌ និងចាត់វិធានការផ្លូវច្បាប់លើបុគ្គលឈ្មោះ ជា ឈ្លឿយ និងប្រពន្ធ ដោយទាមទារសំណងជំងឺចិត្ត៤០០ ០០០ដុល្លារ។ បុរសរងគ្រោះទាំងបួននាក់ បាននិយាយថា ចាប់តាំងពីដាក់ពាក្យបណ្តឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺមានរយៈពេល១៣ថ្ងៃហើយ ដែលសមត្ថកិច្ចឃុំដូនបា មិនបំពេញតាមតួនាទី ភារកិច្ច ដើម្បីកោះហៅជនបង្កទៅសួរនាំ ឬអនុវត្តន៍ច្បាប់ឡើយ។ ពួកគាត់បានប្រាប់មន្ត្រីនគរបាលឃុំដូនបា នៅក្នុងពាក្យបណ្តឹងនោះថា ទង្វើហិង្សាខាងលើ គឺជាបទល្មើសជាក់ស្តែងពីបទ: គំរាមកំហែងថានឹងសម្លាប់ និងបង្ករបួសស្នាមដោយចេតនា។
បន្ទាប់ពីកើតហេតុភ្លាមៗពួកគាត់បានដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា និងមានការទទួលពាក្យបណ្តឹងដោយលោកវរសេនីយ៍ត្រី ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញមន្ត្រីនគរបាលជំនាញ នៃឃុំដូនបា កោះហៅជនបង្កឈ្មោះ ជា ឈ្លឿយ និងប្រពន្ធឈ្មោះ កើត គឹមឡាង ទៅសួរនាំ ឬរកដំណោះស្រាយឲ្យជនរងគ្រោះតាមនីតិវិធីច្បាប់នៅឡើយ។
ក្រុមជនរងគ្រោះ បានបន្ថែមថា ទាក់ទងនឹងករណីនេះ ពួកគាត់បានព្យាយាមសួរលោក ចាន់ ពិសិដ្ឋ ជាច្រើនដងផងដែរ តែលោកនាយប៉ុស្តិ៍រូបនេះចេះតែយកលេសរហូត ដោយអះអាងដោយផ្ទាល់មាត់ថា គាត់មិនសូវហ៊ានជាមួយជនបង្កឈ្មោះ ជា ឈ្លឿយ និងឈ្មោះ កើត គឹមឡាង ទេ ព្រោះខ្លាចគេជេ លោកថាបុគ្គលទាំងពីរនាក់នេះ ពូកែជេរខ្លាំងណាស់!។

លោក ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដូនបា បានប្រាប់ឲ្យដឹងទៀតថា ពាក់ព័ន្ធរឿងហ្នឹង នគរបាលប៉ុស្តិ៍បានកោះហៅជនបង្ករួចរាល់ហើយ ប៉ុន្តែពីរនាក់ប្តីប្រពន្ធមិននៅផ្ទះទេ ដូច្នេះលោកក៏ឲ្យនាយរងប៉ុស្តិ៍ម្នាក់ សរសេរលិខិតបង្ហាញមួយច្បាប់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡាដើម្បីកោះហៅម្តង។ លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា «យើងហៅគេមិនដូចអំណាចតុលាការឯណា។ យើងទៅហើយមិនមក ជាពិសេសទៅមិនជួបទៀត។ បើបានជួបមានស្អី! ក្រោយពីរឿងរ៉ាវនឹងមកគាត់ឡើងទៅប្តឹងទៅផ្តល់នៅភ្នំពេញឯណាឯណីនុះ។ គាត់មិនមកជួបយើងទេ មិនមែនថាខ្ញុំមិនធ្វើទេ ប៉ុន្តែភាគីម្ខាងទៀត គាត់អត់មកទេ ទោះបីដាក់លិខិតអញ្ជើញក៏មិនបង្ហាញមុខដែរ»។
ប្រតិកម្មទៅហ្នឹងការបកស្រាយរបស់លោកមេប៉ុស្តិ៍ ក្រុមជនរងគ្រោះទាំងបួននាក់ បានលើកឡើងថា បន្ទាប់ពីពួកគាត់បានឮលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំដូនបា និយាយថា ខ្លាចគេជេរបែបនេះ ធ្វើឲ្យពួកគាត់មានការហួសចិត្តយ៉ាងខ្លាំង ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ និងជាអ្នកអនុវត្តច្បាប់ បែរជាគ្មានសមត្ថភាពរកយុត្តិធម៌ជូនជនរងគ្រោះ និងមិនហ៊ានកោះហៅជនបង្កទៅសួរនាំបែបនេះ។ សូមបញ្ជាក់ថា តាមសម្តីរបស់ក្រុមជនរងគ្រោះ បានរំឭកថា បន្ទាប់ពីពួកគាត់រងរបួស ហើយបាននាំគ្នាទៅដាក់ពាក្យបណ្តឹង។
ដំបួងឡើយលោក ចាន់ ពិសិដ្ឋ មិនចង់ទទួលពាក្យបណ្តឹងឡើយ ដោយនាយប៉ុស្តិ៍រូបនេះ អះអាងថា លោក ប៉ាង ហៀង អធិការនគរបាល ស្រុកគាស់ក្រឡ មិនឲ្យទទួលពាក្យបណ្តឹងនោះទេ ដោយបានដេញជនរងគ្រោះឲ្យទៅប្តឹងនៅតុលាការទៅវិញ!។ ពេលឃើញការប្រកែកបែបនេះ ក្រុមជនរងគ្រោះបានសួរលោកនាយប៉ុស្តិ៍ថា ចុះបង្កើតស្ថាប័ននគរបាលមកធ្វើអី បើមានបទល្មើសជាក់ស្តែងច្បាស់ៗបែបនេះហើយ បែរជាមិនទទួលពាក្យបណ្តឹង និងមិនឃាត់ខ្លួនជនបង្កមកសួរនាំតាមនីតិវិធីច្បាប់យ៉ាងនេះ? ។ ដូច្នេះ មួយសន្ទុះក្រោយមកទើបលោកមេប៉ុស្តិ៍នគរបាលឃុំដូនបា យល់ព្រមទទួលពាក្យបណ្តឹង ដែលរហូតមកពេលនេះ មិនមានចំណាត់ការណាមួយឡើយ៕






No comments

Powered by Blogger.