-->


 

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនិងសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង


ភ្នំពេញ:  លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បាន អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលមាន ឯកឧត្តម គួច ចំរើន ជាប្រធានគណៈកម្មាធិការសាខា និងសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដែលមាន ឯកឧត្តម ស្វាយ សំអ៊ាង ជាប្រធានគណៈកម្មាធិការសាខា ដើម្បីលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ជួយគាំទ្រគ្នាទៅវិញទៅមកលើផ្នែកធនធាន បច្ចេកទេស ផ្លាស់ប្តូរព័ត៌មាន តាមរយៈការអនុវត្តយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤ កាលពីថ្ងៃចន្ទ ទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣​ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ថា ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខាទាំងពីរ ដែលមានគំនិតផ្តួចផ្តើម និងឯកភាពគ្នារៀបចំឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នានាថ្ងៃនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា «នេះគឺជាលើកទី១ ដែលកាកបាទក្រហមកម្ពុជា មានសាខាចំនួន២ បានចុះហត្ថលេខាលើអនុស្សរណៈយោគ យល់គ្នា ដែលនេះជាគំរូឈានមុខមួយ បានបង្ហាញពីការចែករំលែកនៅក្នុងសមាគមជាតិ រវាងសាខាដែលមានលទ្ធភាពច្រើន ជួយចំពោះសាខាដែលមានលទ្ធភាពតិច និងជាការ សម្រាលបន្ទុករបស់ទីស្នាក់ការកណ្តាលផងដែរ។ ថ្វីត្បិតតែសាខាទាំង២ បានចុះកិច្ចព្រម ព្រៀងជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្តាលនៅតែចុះធ្វើ អន្តរាគមន៍នៅពេល មានការចាំបាច់ ឬតម្រូវការខ្ពស់ពីសាខា និងនៅតែជាជំហរខាង ផ្នែកបច្ចេកទេស និងជាបង្អែកក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន់ និងបរិយាបន្ន»។

ជាមួយគ្នានោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខាទាំងពីរ ក៏ដូចជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែឧបត្ថម្ភគាំទ្រជួយដល់ការពង្រឹងសមត្ថភាពរបស់សាខា ដើម្បីមានធនធាន ហិរញ្ញវត្ថុសម្រាប់បំពេញការងារនៅក្នុងសាខានីមួយៗ និងជូនពរឱ្យ កិច្ចសហប្រតិបត្តិការនេះ ទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តដល់បណ្តា សាខាផ្សេងៗទៀត ឱ្យគិតគូរពីកិច្ចសហប្រតិបត្តិការរវាងសាខានិងសាខា ដើម្បីបេសកកម្ម ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជា ពលរដ្ឋងាយរងគ្រោះបំផុត ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុង វិស័យមនុស្សធម៌។

សូមបញ្ជាក់ថា ក្នុងឱកាសនៃការចុះហត្ថលេខានោះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានប្រគល់ថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក ជូនឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដើម្បីប្រតិបត្តិការមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង។ គោលបំណងនៃការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នារវាងសាខាទាំងពីរ គឺដើម្បីកិច្ចសហប្រតិបត្តិការលើការងារ ចម្បងចំនួន៣គឺ៖ ១. ជួយគ្នាទៅវិញទៅមកក្នុងពេលមានគ្រោះមហន្តរាយកើតឡើង ពេលមានការរីករាលដាលនៃជំងឺឆ្លងនានា ការងារសុខភាពសហគមន៍ និងគាំទ្រលើផ្នែក បច្ចេកទេស បទពិសោធន៍នៃការបណ្តុះបណ្តាល ឬពេលមានការងារបន្ទាន់ ជាក់ស្តែង។ ២. ផ្លាស់ប្តូរព័ត៌មាន និងចែករំលែកលទ្ធផលការងារទៅវិញទៅមក និង៣. ផ្លាស់ប្តូរទស្សនកិច្ច សិក្សា ដកពិសោធន៍ ក្នុងការងារអភិបាលកិច្ចល្អ ដឹកនាំ និងគ្រប់គ្រងតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ៕ ដោយ សាយ​ សុន (ប្រភព៖កាកបាទក្រហមកម្ពុជា​)

No comments

Powered by Blogger.