រដ្ឋមន្ត្រីពាណិជ្ជកម្ម រំពឹងទូតថ្មីរបស់កូរ៉េខាងត្បូង នឹងជំរុញឱ្យទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង កើនកាន់តែខ្ពស់
(ភំ្នពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីរំពឹងថា ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងត្បូង នឹងជំរុញឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និង កូរ៉េខាងត្បូង កើនឡើងកាន់តែខ្ពស់ថែមទៀត។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ និងលោក PARK JUNG-WOOK ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានជជែក និងផ្លាស់ប្តូរយោបល់ជាច្រើនលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឯកអគ្គរដ្ឋទូត ដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាលកូរ៉េខាងត្បូង តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលតែងតែជួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងសង្គម។
លោក ប៉ាន សូរស័ក្តិ បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិរបស់ លោកឯកអគ្គរដ្ឋទូត ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ នឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះកំណើនពាណិជ្ជកម្មទ្វេភាគី។ សមិទ្ធផលនេះមានការរួមចំណែកយ៉ាងសំខាន់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។
ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានជំរុញឱ្យភាគីទាំងពីរ ចាប់ផ្តើមពិភាក្សា និងត្រៀមរៀបចំការចរចាលើសេវាកម្ម និងវិនិយោគ ដើម្បីជំរុញ និងលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យភាគីទាំងពីរសហការគ្នាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាសមាជិកមានដូចជា អាសិប អាស៊ាន-កូរ៉េ ដើម្បីទាញយកប្រយោជន៍ និងបំពេញបន្ថែមឱ្យគ្នា។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងការគាំទ្រដល់ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យបន្តសហការរៀបចំវេទិកាធុរកិច្ចនេះ ឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីកូរ៉េ និងបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
លោកឯកអគ្គរដ្ឋទូត ក៏បានគាំទ្រនូវអនុសាសន៍របស់លោករដ្ឋមន្ត្រី ក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំងពីរជាសមាជិក តាមរយៈការផ្សព្វផ្សាយ សិក្ខាសាលា ការកសាងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធនានាជាដើម។
ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែជួយគាំទ្រកូរ៉េលើបេក្ខភាពរបស់កូរ៉េក្នុងព្រឹត្តិការណ៍នានាកន្លងមក និងប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការកៀរគររកវិនិយោគិនកូរ៉េ និងបរទេសមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
ក្នុងជំនួបនោះលោក ប៉ាន សូរស័ក្តិ និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
Post a Comment