សៀវភៅ កម្ពុជាសម័យតេជោ វគ្គ ៦« វិស័យសារព័ត៌មាន »
ភ្នំពេញ : ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។
ឯកឧត្តម ចងក្រងសៀវភៅនេះឡើងដើម្បីបង្ហាញទៅដល់មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលត្រូវចាប់អារម្មណ៍កោតសរសើរ និងកត់ត្រាទុក។
ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពីដំណើរជីវិតរបស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។ ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬនយោបាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជាឯកសារជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុងការសិក្សាឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងផ្ទៃប្រទេសចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ២០២៣។
ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា សម័យតេជោ»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។ វគ្គ ៦« វិស័យសារព័ត៌មាន » វិស័យសារព័ត៌មាន ដែលជាស្ពានចម្លងដំណឹង ដែលត្រឹមត្រូវ និងមានសារប្រយោជន៍ ពីរាជរដ្ឋាភិបាលមកប្រជាជន ពីប្រជាជនទៅរាជរដ្ឋាភិបាល ឬដែលគេហៅថា ជាវេទិកា នៃសេរីភាពបញ្ចេញមតិ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនោះ ចាប់ពីឆ្នាំ១៩៩៣ បន្ទាប់ពីការបោះឆ្នោតដោយសេរី និងជាសកលមក គឺមានការរីកចម្រើន កើនឡើងជាលំដាប់ ទោះបីអង្គភាពសារព័ត៌មានមួយចំនួនបានបិទការផ្សាយដោយមូលហេតុក្ស័យធនក្តី។
ជាបន្តបន្ទាប់ សេរីភាពសារព័ត៌មាន មានការរីកចម្រើនជារៀងរាល់ឆ្នាំ ហើយទោះបីមានគណបក្សនយោបាយមួយចំនួនរិះគន់ ដើម្បីកេងចំណេញនយោបាយថា សេរីភាព នៃការបញ្ចេញមតិនៅកម្ពុជា ហាក់មានឧបសគ្គ ប៉ុន្តែ ក៏អង្គការអន្ដរជាតិផ្នែកសារព័ត៌មានបានវាយតម្លៃថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០១៥ មានភាពប្រសើរឡើងបើធៀបទៅនឹងឆ្នាំ២០១៤។ នៅលើបណ្តាញសង្គមហ្វេសប៊ុក ទោះបីអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះជាលក្ខណៈផ្ទាល់ខ្លួន ប៉ុន្តែពួកគេមានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរិះគន់មន្រ្តីអសកម្មមួយចំនួន ឬរិះគន់ដល់ចំណុចខ្វះខាតរបស់រាជរដ្ឋាភិបាលផងដែរ។
មានអ្នក ប្រើប្រាស់បណ្តាញសង្គមខ្លះ បានចូលទៅបញ្ចេញមតិយោបល់ (Comment ) នៅលើទំព័រ ឬហ្វេសប៊ុករបស់ថ្នាក់ដឹកនាំប្រទេសផ្ទាល់ ដូចជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬសម្តេចក្រឡាហោម ស ខេង ក៏មាន។ សេរីភាពទាំងនេះ ដូចជាពុំមាននៅបណ្តាប្រទេសនានាក្នុងលោក ឬនៅកម្ពុជា អំឡុងសម័យមុនសង្រ្គាម និងសម័យសង្រ្គាម។ មតិយោបល់ខ្លះ ក៏ត្រូវបានផ្ដល់ចម្លើយពីប្រមុខរាជរដ្ឋាភិបាលមកវិញភ្លាមៗ ប្រកបដោយវិជ្ជមាន ហើយប្រសិនបើមានពាក់ព័ន្ធករណីមន្រ្តីអសកម្ម ក៏ត្រូវបានដោះស្រាយផងដែរ។
អ្នកសារព័ត៌មានទូទាំងប្រទេស ក្រោមការសម្របសម្រួលរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យជួបជាមួយនាយករដ្ឋមន្រ្តីជាប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០១៧មក លើកលែងក្នុងពេលបិទខ្ទប់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ វិស័យសារព័ត៌មាន ត្រូវបានផ្ដល់សិទ្ធិសេរីភាពទូលំទូលាយជាងអង្គភាព ឬស្ថាប័នណាៗទាំងអស់ក្នុងការធ្វើដំណើរ ទៅយកព័ត៌មាននៅទីណាក៏បាន ខណៈស្ថាប័នដទៃទៀតត្រូវហាមធ្វើដំណើរ និងលើកទឹកចិត្តឱ្យធ្វើការតាមអនឡាញ ឬនៅផ្ទះ។
វិស័យសារព័ត៌មាននៅកម្ពុជា នាសម័យឌីជីថល ឬហៅថាសម័យហ្វេសប៊ុកគិតត្រឹមចុងឆ្នាំ២០១៧ កម្ពុជាមានអង្គភាពផ្សព្វផ្សាយព័ត៌មាន៥៣០អង្គភាព។ ក្នុងនោះកាសែតផ្សាយជាភាសាខ្មែរមានចំនួន១៣៩អង្គភាព កាសែតផ្សាយជាភាសាបរទេស មានចំនួន៤៣អង្គភាព ទស្សនាវដ្ដីមានចំនួន៣០៦អង្គភាព និងព្រឹត្តិបត្រព័ត៌មាន មានចំនួន៤២អង្គភាព។
ចំណែកវិទ្យុមានចំនួន២១១ស្ថានីយ ក្នុងនោះវិទ្យុបរទេសមានចំនួន១០ស្ថានីយ ទូរទស្សន៍ផ្សាយផ្ទាល់មានចំនួន២១ស្ថានីយ និងទូរទស្សន៍ផ្សាយបន្តមានចំនួន១១២ស្ថានីយ ទូរទស្សន៍ផ្កាយរណប មានចំនួន០១ ស្ថានីយទូរទស្សន៍ឌីជីថល(Pay-TV) មានចំនួន៥ស្ថានីយ ទូរទស្សន៍អនឡាញ មានចំនួន៥៨អង្គភាព និងការិយាល័យតំណាងទីភ្នាក់ងារ សារព័ត៌មានបរទេស ការិយាល័យតំណាងវិទ្យុ-ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍ មានចំនួន២១អង្គភាព។
រហូតមកដល់ឆ្នាំ២០២១ទោះបីកម្ពុជាកំពុងទទួលរងនូវការរាតត្បាតពីជំងឺកាចសាហាវកូវីដ-១៩ក្តី តែវិស័យសារព័ត៌មាន នៅកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់។ តាមទិន្នន័យ ដែលត្រូវបានបង្ហាញដោយមន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន លោក ផុស សុវណ្ណ គិតត្រឹមចុងឆ្នាំ២០២១ អង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន សរុបចំនួន២០១៧អង្គភាព ក្នុងនោះមានគេហទំព័រ និងទូរស្សន៍អនឡាញចំនួន៧៨៧អង្គភាព។
ចំនួននេះមានគេហទំព័រចំនួន៧០៦ និងសារព័ត៌មានទូរទស្សន៍អនឡាញចំនួន៨១ អង្គភាព មានចាងហ្វាងជាជនបរទេសចំនួន២៣អង្គភាព និងចាងហ្វាងជាស្ត្រី៧៤នាក់។ ក្រៅពីនេះអង្គភាពសារព័ត៌មាន ដែលកំពុងដំណើរការផ្សាយជាកាសែតបោះពុម្ពចំនួន៤៥០អង្គភាព ក្នុងនោះមានចាងហ្វាងជាជនបរទេស២៨អង្គភាព និងចាងហ្វាងជាស្ត្រី២១នាក់។
មានការលុបអាជ្ញាប័ណ្ណចំនួន២អង្គភាព ដោយសារមានអង្គភាពស្នើសុំលុប និងស្ទួនឈ្មោះ។ សម្រាប់សមាគមសារព័ត៌មាន ទូទាំងប្រទេសសរុបចំនួន៥០អង្គភាព ក្នុងនោះមានសហប្រធានជាជនបរទេសចំនួន១អង្គភាព និងជាស្ត្រីម្នាក់ និងត្រូវបានលុបអាជ្ញាប័ណ្ណ១អង្គភាព។ ទស្សនាវដ្តីមាន១៩៣អង្គភាព ក្នុងនោះមានចាងហ្វាងជាជនបរទេសចំនួន៣២ អង្គភាព និងចាងហ្វាងជាស្ត្រី៣៣នាក់។
រីឯព្រឹត្តិបត្រមាន២២អង្គភាព ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន៧ អង្គភាព និងចាងហ្វាងជាស្ត្រី៥នាក់។ លើសពីនេះក៏មានរោងពុម្ពចំនួន១១៤អង្គភាព លុបអាជ្ញាប័ណ្ណ១អង្គភាព សៀវភៅ២២អង្គភាព ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងមានចំនួន២៦អង្គភាព។
អង្គភាពអ្នកឆ្លងឆ្លើយព័ត៌មាន មាន១ អង្គភាព ភ្នាក់ងារផ្សព្វផ្សាយ ពាណិជ្ជកម្ម១អង្គភាព ស្ថានីយវិទ្យុFMចំនួន៨៣ ស្ថានីយនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន១៣៧ ស្ថានីយ និងវិទ្យុ AM ចំនួន១សា្ថនីយនៅរាជធានី-ភ្នំពេញ។ ទូរទស្សន៍អាណាឡូក១៩ស្ថានីយ និងទូរទស្សន៍Digital ៨ ស្ថានីយ ទូរទស្សន៍ខ្សែកាបនៅភ្នំពេញ២ស្ថានីយ និងតាមបណ្តាខេត្តមានចំនួន២១០ស្ថានីយ ប្រព័ន្ធOTTមានចំនួន៧ និងប្រព័ន្ធSatellite ចំនួន២។
រហូតមកដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជាមាន សារព័ត៌មានបោះពុម្ពផ្សាយប្រពៃណី ទាំងកាសែត ព្រឹត្តិបត្រ ទស្សនាវត្តី ដែលកំពុងដំណើរការចេញផ្សាយមានចំនួន៦៦២អង្គភាព គេហទំព័រមានចំនួន៧០៦អង្គភាព ទូរទស្សន៍អនឡាញចំនួន៨១អង្គភាព ទូរទស្សន៍ផ្សាយផ្ទាល់ចំនួន១៩ស្ថានីយ និងផ្សាយបន្តមានចំនួន១២៥ ស្ថានីយ ទូរទស្សន៍ផ្កាយរណបមាន២ ស្ថានីយ ទូរទស្សន៍ឌីជីថលមាន៣ស្ថានីយ៍ វិទ្យុមាន២២១ស្ថានីយ។
ដោយឡែកទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងវិទ្យុ ទូរទស្សន៍បរទេស ប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជា មានចំនួន២៦អង្គភាព និងសមាគមអ្នកសារព័ត៌មានសរុបមាន៥១អង្គភាព។ ទោះជាយ៉ាងណា ការីកចម្រើមនេះ គួរតែជាមោទនភាព ប៉ុន្តែដោយសារអ្នកសារព័ត៌មានមួយចំនួន ដែលទាមទារចង់បានការចាប់អារម្មណ៍ពីមហាជន និងដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ ព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ នៃអ្នកសារព័ត៌មាន ដែលមានក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ ក្រោមប្រធានបទស្តីពី សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បច្ចុប្បន្នវិស័យសារព័ត៌មាននៅកម្ពុជា មានការរីកដុះដាលគួរឱ្យកត់សម្គាល់ ប៉ុន្ដែគ្រាន់តែជាផ្នែកមួយនៃការផ្ដល់ព័ត៌មានបឋម ដោយលាយឡំព័ត៌មានពិត និងមិនពិត ដែលទាមទារឱ្យប្រជាពលរដ្ឋចេះថ្លឹងថ្លែង ដើម្បីអាចទទួលបានព័ត៌មានពិត។
លោក ខៀវ កាញារីទ្ធ ក៏បានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាទាំងអស់ បន្តចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា។ ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដោយ«កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន។
អ្នកសារព័ត៌មានត្រូវរាយការណ៍ នូវព័ត៌មានពិតត្រឹមត្រូវ និងមិនត្រូវធ្វើជាភ្នាក់ងារផលិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលអាចបង្ករការបែកបាក់ ការស្អប់ខ្ពើម គុំកួន រើសអើង បង្កជម្លោះ និងអរិភាពផ្សេងៗក្នុងសង្គមឡើយ។ ក្នុងសារលិខិតចូលរួមអបអរសាទរទិវា និពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២២សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា វិស័យសារព័ត៌មាននៅកម្ពុជាមានភាពរីកចម្រើនល្អប្រសើរ ប៉ុន្តែការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈនៅតែជាបញ្ហា។
សម្តេច ហ៊ុន សែន បញ្ជាក់ថា សកម្មភាពបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយល់ដឹង និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងអក្ខរកម្មបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងព័ត៌មាន មានការរីកចម្រើន ប៉ុន្តែ តាមការសង្កេតរបស់សម្តេច នៅតែមានអ្នកសារព័ត៌មានមួយចំនួនតូច នៅបំពេញការងារដោយបំពានក្រមសីលធម៌វិជ្ជាជីវៈ គិតតែប្រយោជន៍ផ្ទាល់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានទាំងអស់ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីរក្សាគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន។ កាលពីខែមករា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានផ្ដល់អនុសាសន៍ថា ដើម្បីចៀសផុតពីការប្តឹងផ្ដល់ទាំងឡាយ អ្នកសារព័ត៌មាន គប្បីផ្សាយព័ត៌មានឱ្យមានការពិត គឺ«កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត»។
សម្តេច ក៏បានផ្ដល់មេធាវីសម្រាប់ការពារក្តីឱ្យអ្នកសារព័ត៌មាន ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ និងដែលត្រូវគេប្តឹង។ សម្ដេចតេជោ ហ៊ុន សែន ក៏សម្ដែងការកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានទាំងអស់ ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយផ្ដល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លង និងការចម្លងរីករាលដាល ជំងឺកូវីដ-១៩ ចូលសហគមន៍បានជោគជ័យយ៉ាងធំធេងជាបន្ដបន្ទាប់។
សូមរម្លឹកថា ចាប់ពីឆ្នាំ២០២០ដល់ឆមាសទី១ឆ្នាំ២០២២ ក្រសួងព័ត៌មានបានស្រាវជ្រាវរកឃើញព័ត៌មានក្លែងក្លាយចំនួន៤៦៥៧មាតិកា ឬករណី ក្នុងនោះបានបញ្ចូនទៅស្ថាប័នពាក់ព័ន្ធចំនួន១៧០មាតិកា ដើម្បីចាត់វិធានការតាមច្បាប់៕ ដោយ៖ គង់ សិរីរ័ត្ន
Post a Comment