សម្តេចក្រឡាហោម៖ ធនធានថ្មីរបស់នគរបាលប្រកបដោយសក្តានុពល ដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ធនធានថ្មីនៃកងកម្លាំងនគរបាលជាតិ ប្រកបដោយសក្តានុពលដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ និងដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិទាំងមូលផងដែរ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន៥៦៩នាក់ នៅបណ្ឌិត្យភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «និស្សិតជ័យលាភីទាំងនេះគឺជា ធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិមានលក្ខណសម្បត្តិសមស្រប និងប្រកបដោយសក្ដានុពល ដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ននិងអនាគត»។
សម្តេចក្រឡាហោម បានបន្ថែមថា នេះជាសក្ខីភាពបង្ហាញអំពីសមិទ្ធផលនៃការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាមួយគ្នានោះដែរសម្តេចក្រឡាហោម បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាឱ្យបន្តការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ និងបន្តការងារអភិវឌ្ឍ ស្របតាមស្តង់ដាគុណភាពនិងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ព្រមទាំងផ្ដាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹងនិងជំនាញវិជ្ជា ជីវៈដែលទទួលបានពីការបណ្ដុះបណ្ដាល ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់។
នៅក្នុងពិធីនោះដែរនាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ និងតម្លៃនៃការងារបណ្ដុះបណ្ដាល គុណភាពអប់រំ ប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រង និងភាពជោគជ័យនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់របស់បណ្ឌិត្យសភា នគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគទាំង៦ ដើម្បីបំពេញបានតាមតម្រូវការនៃការងារបណ្ដុះបណ្ដាល ស្របតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់របស់ខ្លួន។
ក្នុងន័យនេះ ឯកឧត្ដមបានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតបំពោះរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃ ដែលបានគាំទ្រឧបត្ថម្ភ និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍបណ្ឌិត្យសភាលើគ្រប់ផ្នែក ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដល់កងកម្លាំងនគរបាលជាតិ ឱ្យបានល្អប្រសើរផងដែរ៕ អត្ថបទ៖ បាន ចក់
Post a Comment