អភិបាលខេត្តបាត់ដំបង បង្ហាញឱកាសវិនិយោគជាច្រើនដល់អ្នកវិនិយោគមកពីប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគនៅខេត្តបាត់ដំបង

(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង បានជួបជាមួយគណៈប្រតិភូដែលជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយលោក ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីស្វែងយល់អំពសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង។

ជំនួបនេះធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ លោក ដួង តារា បានលើកឡើងអំពីគោលបំណងចម្បងរបស់ប្រតិភូនៃអ្នកវិនិយោគិនមកពីប្រទេសចិន ដើម្បីឱ្យក្រុមវិនិយោគិនស្វែងយល់បន្ថែមទៀតអំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជាធាតុចូលនៃចំណេះដឹងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យនានានៅក្នុងខេត្តបាត់ដំបង ដោយសារតែខេត្តបាត់ដំបងគឺជាខេត្តគោលដៅដ៏សំខាន់មួយសម្រាប់កម្ពុជាដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ។

លោក សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដែលគណៈប្រតិភូជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយលោក ដួង តារា បានចុះមកបំពេញទស្សនកិច្ចសិក្សាផ្ទាល់លើទឹកដីខេត្តបាត់ដំបង និងស្វែងយល់អំពីសក្ដានុពល ក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសធ្វើការនិយោគនៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះ។

លោកបានបន្តទៀតថា បាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ហើយខេត្តមួយនេះកំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យវិនិយោគិនក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។

លោកបានបញ្ជាក់ថា ដោយសារតែខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤នៃប្រទេសកម្ពុជា និងជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យតែម្ដង មានផ្លូវរថភ្លើងដោយឡែកនៅពេលអនាគត វារាជរដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបងផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបងចេញរូបរាងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាកមកកម្សាន្ត ខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ៕

No comments

Powered by Blogger.