ប្រជាពលរដ្ឋ មន្រ្តីរាជការ ក្នុងខេត្តបន្ទាយមានជ័យ កំពុងបង្ហាញការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោយ៉ាងផុសផុល នៅលេីបណ្តាញសង្គម

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ  មន្រ្តីរាជការ ថ្នាក់ដឹកនាំក្នុងខេត្តបន្ទាយមានជ័យ ដែលនិយមប្រើប្រាស់បណ្តាញសង្គម កំពុងនាំគ្នាផ្លាស់ប្តូររូបថត Profile របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងផុសផុល ដោយមានភ្ជាប់ជាមួយពាក្យថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ ឬខ្ញុំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» ដែលបង្ហាញពីចលនាជាតិ និងការសាមគ្គីភាពរបស់មហាគ្រួសារខ្មែរយ៉ាងរឹងមាំ ទៅលើគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ។

ជាការកត់សម្គាល់ការផ្តាស់ប្តូររូបថត Profile គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺមានទាំងឧត្តមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និស្សិត បញ្ញវន្តបុគ្គលិកស្ថាប័នឯកជន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយចាត់ទុកគម្រោងព្រែកជីកនេះ គឺជា «មោទកភាពជាតិ» ខ្មែរ ដែលផ្តល់ផលប្រយោជន៍យ៉ាងធំធេងតកូនតទៅ។

ថ្លែងក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជានៅរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យបង្កើតចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេញមកប្រឆាំងយ៉ាងណាក្ដី។

សម្ដេចតេជោ ហ៊ុន សែន បានទាត់ចោលនូវការលើកឡើងទាំងឡាយអំពីផលប៉ះពាល់របស់ប្រទេសវៀតណាម និងក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេស ដែលចាត់ទុកថា ការកសាងព្រែកជីកនេះ នឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងបម្រើឲ្យកងទ័ពចិន។ ដោយសម្តេចតេជោ បានបញ្ជាក់ច្បាស់ៗជាថ្មីថា គម្រោងព្រែកជីកនេះ គឺបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាសុទ្ធសាធ។

ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានប្រកាសពីការប្តូរផ្តាច់ក្នុងការក៏សាងសាងព្រែកជីកហ្វូណនតេជោឲ្យមានជោគជ័យដោយមិនរាថយឡើយ ព្រោះគម្រោងនេះ នឹងនាំមកនូវផលប្រយោ ជន៍ដ៏មហិមានាសម្រាប់ប្រជាជាតិខ្មែរនាពេលអនាគត ខណៈកម្ពុជាមិនអាចបន្តនៅពឹងដង្ហើម ឬច្រមុះគេដករហូតនោះទេ។

ជាមួយគ្នានេះ សម្ដេចតេជោ បានពន្យល់ត្រួសៗថា ព្រែកជីកហ្វូណនតេជោ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូនទំនិញ ផ្ទាល់ទៅកាន់សមុទ្ររបស់កម្ពុជា ដោយមិនបាច់ឆ្លងកាត់វៀតណាម និងមិនបាច់បង់ថ្លៃបន្ថែម ពេលឆ្លងកាត់តាមប្រទេសវៀតណាម។ ហើយគម្រោងព្រែកជីកនេះ មិនត្រឹមតែធ្វើឲ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ។

តាមការសិក្សាបង្ហាញថា ផលចំណេញសេដ្ឋកិច្ចសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺចន្លោះពី ២១%ទៅ ៣០% ដែលជាអត្រាខ្ពស់មួយសម្រាប់គម្រោង ដែលផ្តល់ផលចំណេញសេដ្ឋកិច្ចក្នុងកម្រិតនេះ។ ម៉្យាងទៀត គម្រោងនេះ ក៏នឹងផ្តល់ផលចំណេញផ្នែកដឹកជញ្ជូនសរុបចន្លោះពី ៨៨ទៅ ៥៧០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំផងដែរ។

កាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សាជាថ្មីថា គម្រោងព្រែកជីកហ្វូណន-តេជោត្រូវតែធ្វើឱ្យបាន ដែលត្រូវធ្វើយ៉ាងណាចាប់អនុវត្តគម្រោងនេះនៅឆ្នាំ ២០២៤នេះ ឬឆ្នាំ២០២៥យ៉ាងយូរ ខណៈនៅក្នុងខែកក្កដា ឬខែសីហា ឆ្នាំ២០២៤ កម្ពុជានឹងចុះកិច្ចព្រមព្រៀងសម្បទានមួយជាមួយក្រុមហ៊ុនឯកជន។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។

គម្រោងនេះគ្រោងចាយទុន ប្រមាណ ១.៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ជាមួយការត្រូវការកម្លាំងពលកម្មប្រមាណ ១ម៉ឺននាក់ ក្នុងរយៈពេល ៤ឆ្នាំនៃការសាងសង់៕

No comments

Powered by Blogger.