ឯកឧត្តម រស់ វណ្ណា ប្រកាសថានឹងមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់មួយទៀតកើតមានឡើង សម្រាប់គ្របដណ្តប់សង្កាត់ចំនួន៣ ក្នុងក្រុងពោធិ៍សាត់
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជាសាធារណៈថា នឹងមានគម្រោងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់មួយទៀត កើតមានឡើងឆាប់ៗខាងមុខ នៅប៉ែកខាងកើតស្ទឹងសម្រាប់គ្របដណ្តប់សង្កាត់ចំនួន៣ ក្នុងក្រុងពោធិ៍សាត់ រួមមានសង្កាត់បន្ទាយដី សង្កាត់ព្រៃញី និងសង្កាត់រលាប ដែលធ្វើឱ្យខេត្តមួយនេះ កាន់តែមានសោភ័ណ្ឌភាព ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្ត។
ឯកឧត្តមរដ្ឋលេខាធិការ បានប្រកាសបែបនេះ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលស្ថិតក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
បន្ទាប់ពីឯកឧត្តម លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងនូវការស្វាគមន៍ និងជម្រាបជូនអំពីស្ថានភាពទូទៅនៃខេត្តពោធិ៍សាត់នោះរួចមក, ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងលោកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា គម្រោងគ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ដែលបានអនុវត្តក្នុងក្រុងពោធិ៍សាត់ មានអនុគម្រោងចំនួន២ គឺ៖ គម្រោងសាងសង់ទីលានទុកដាក់សំណល់ ស្ថិតនៅសង្កាត់រលាប និងគម្រោងប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តិកម្ម ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ។ គម្រោងនេះអនុវត្តដោយក្រសួងសាធារណការនិងដឹកជញ្ជូន សាងសង់ដោយក្រុមហ៊ុនគិរីដងរែក ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី ដោយចំណាយថវិកាអស់ជាង១៣លានដុល្លារអាមេរិក ទើបរួចរាល់ជាស្ថាពរ។
វិសាលភាពនៃគម្រោងនេះ គ្របដណ្តប់លើផ្ទៃដី២៣៣ហិកតា និងផ្ទៃដីសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ មានទំហំ៣ហិកតា ស្ថិតនៅក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ដែលអាចចម្រោះទឹកកខ្វក់ តាមបែបធម្មជាតិបាន២,៤០០ម៉ែត្រគីប ក្នុងមួយថ្ងៃ។ ចំពោះប្រព័ន្ធលូសម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ ដោយបានសាងសង់ប្រព័ន្ធលូបេតុងថ្មី ជាង២៤គីឡូម៉ែត្រ ស្តារ និងជួសជុលប្រព័ន្ធលូចាស់ ជាង២៧គីឡូម៉ែត្រ និងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ បានជាង២០គីឡូម៉ែត្រ ផ្លូវបេតុងជិត២គីឡូម៉ែត្រ ស្ថាបនាខឿនផ្លូវ បានជាង២២គីឡូម៉ែត្រ ដាក់ផ្លាកសញ្ញាចរាចរណ៍ ៣៤២កន្លែង និងគំនូសចរាចរណ៍ ជាង៧ម៉ែត្រការ៉េ ស្តារ និងពង្រីកតួប្រឡាយ ជិត៣គីឡូម៉ែត្រ និងជួសជុលទំនប់ បាន១,៥០០ម៉ែត។
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងក្រុងពោធិ៍សាត់នាពេលនេះ គឺស្ថិតក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដោយចំណាយថវិកាអស់ជាង១៣លានដុល្លារអាមេរិក គឺជាសមិទ្ធិផលថ្មីមួយទៀត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទុកជាចំណងដៃ ជូនដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការជាមួយម្ចាស់ផ្តល់ជំនួយ បានកសាងទីលានចាក់សំរាម ទៅតាមលក្ខណៈបច្ចេកទេសរួចមកហើយ នៅតាមបណ្តាខេត្ត និងនៅមានគម្រោងជាបន្តបន្ទាប់ទៀត ដើម្បីធ្វើឱ្យប្រសើរឡើង ដល់ស្ថានភាព ជីវភាព និងសុខភាពប្រជាពលរដ្ឋ។ ទាំងអស់ក៏ទាមទាឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងបង់ថ្លៃសេវាទឹកកខ្វក់ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់ ក្នុងស្ថានីយ៍ប្រព្រឹត្តិកម្មបានយូរអង្វែង។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលដាក់ឱ្យប្រើប្រាស់ មានសមត្ថភាពអាចចម្រោះទឹក បានតែ២,៤០០ម៉ែត្រគីប ក្នុងមួយថ្ងៃ ដូច្នេះក្រសួង និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគ្រោងនឹងបន្តសាងសង់បន្ថែមទៀត នូវប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ប៉ែកខាងកើតស្ទឹងពោធិ៍សាត់ ដែលមាន៣សង្កាត់ គឺសង្កាត់បន្ទាយដី សង្កាត់រលាប និងសង្កាត់ព្រៃញី នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខ៕
Post a Comment