ពិធីបើកការដ្ឋានស្ដារឡើងវិញនូវផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ខេត្តត្បូងឃ្មុំ
ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ កាលពីទី១៤ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ដារឡើងវិញនូវផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង៣គីឡូម៉ែត្រ ស្ថិតនៅភូមិចក ឃុំចក ទៅភូមិច្រវ៉ា ឃុំគងជ័យ ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីគណៈកម្មាធិការ គ.ត.វ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ និងបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវនេះ ដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងអំពីការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា ក៏ដូចជាសម្ដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងសមិទ្ធផលនានា នៅក្នុងខេត្តត្បូងឃ្មុំ ដែលសមិទ្ធិផលទាំងនេះកើតចេញពីកត្តាសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ ដែលមានសម្ដេចអគមហាសេនាធិបតីតេជោ ហ៊ុន សែន ជាស្ថាបនិក និងបច្ចុប្បន្នត្រូវបានបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចបាននៅចក្ខុវិស័យកម្ពុជាជាប្រទេសមានដែលប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីចូលរួមសម្រេចឲ្យបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍បានដាក់ចេញនៅអទិភាពគន្លឹះចំនួន៤ ដែលរួមមានៈ (១) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, (២) ការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, (៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង(៤) ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។ អទិភាពទាំង ៤ ខាងលើនេះគឺសំដៅលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទឲ្យរស់នៅប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងប្រជាពលរដ្ឋទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ សារសំឡេងពន្យល់បន្ថែមរបស់ សម្តេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិ កាន់តែយល់ច្បាស់ និងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ នេះថា៖ (ទី១) មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ (ទី២) មិនមែនជា ការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ និង(ទី៣) មិនមែនជាតំបន់ស្វយ័ត ឬប្រទេស មួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជាកិច្ចសហប្រតិបត្តិការ គ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយបានផ្លាស់ប្ដូរ ស្ថានភាពខេត្តទាំងបួនរបស់កម្ពុជាដែលជាប់ព្រំដែនដូចជា៖ (ទី១) ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ (ទី២) ប្រែក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្តល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រនិងផ្ដល់ជំនួយតាមយន្តការនានា និង(ទី៣) ក្លាយជា តំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវទឹកបណ្តាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងជំនួយគាំទ្រដល់សកម្មភាពសង្គមផ្សេងៗទៀតជាដើម។
ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងរស់នៅក្រៅប្រទេស សូមមេត្តាកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាល លើគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ស្ថិតក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង របស់កម្ពុជា និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារមាតុភូមិ អភិវឌ្ឍ សេដ្ឋកិច្ចជាតិ និង លើកតម្កើងតម្លៃ និងជីវភាពរបស់ប្រជាជនគ្រប់រូប។
នៅរសៀលថ្ងៃដដែលនេះ ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ រួមជាមួយឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ បានបន្តដឹកនាំក្រុមការងារអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ចុះត្រួតពិនិត្យ និងវាយតម្លៃ ដំណាក់កាលទី១ លើខ្សែផ្លូវថែទាំប្រចាំដែលកំពង់ស្ថាបនាចំនួន ១០ខ្សែ មានប្រវែង ១៦១,០៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ២ជាន់ ( DBST) និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវទាំងនេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន ០៦គឺ ស្រុកអូររាំងឳ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកពញ្ញាក្រែក ស្រុកតំបែរ និងស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ រួមមាន ៖
១. ខ្សែទី១ ៖ ផ្សារតស៊ូ ឃុំព្រះធាតុ ឃុំពង្រ ឃុំមហាលាភ ស្រុកអូររាំងឪ ប្រវែង ១៧ ០០ម៉ែត្រ
២. ខ្សែទី២ ៖ ផ្លូវជាតិ១១ (ពាមជាំង)-ភូមិទួលកណ្តាល ជើងឡង ឃុំព្រះធាតុ ឃុំជីគរ ឃុំមួងរៀវ ស្រុកត្បូងឃ្មុំ ប្រវែង ១៧ ០០០ម៉ែត្រ
៣. ខ្សែទី៣ ៖ ពងទឹក – ឈូក ឃុំរកាពរប្រាំ ឃុំទួលស្នួល ឃុំឈូក ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ប្រវែង ៩ ៨០០ម៉ែត្រ
៤. ខ្សែទី៤ ៖ ភូមិតាហៀវក្រោម – ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ប្រវែង ២ ៤៦០ម៉ែត្រ
៥. ខ្សែទី៥ ៖ តំបន់អភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ប្រវែង ១១ ០០០ម៉ែត្រ
៦. ខ្សែទី៦ ៖ សេដា – ក្របីគ្រៀក ឃុំសេដា ឃុំឈូក ស្រុកតំបែរ ស្រុកក្រូចឆ្មារ ប្រវែង ១៣ ៨៨០ម៉ែត្រ
៧. ខ្សែទី៧ ៖ វាលតូច – កំបាស់ ឃុំសេដា ឃុំត្រពាំងព្រីង ឃុំរំចេក ឃុំមេមង ស្រុកតំបែរ ស្រុកមេមត់ ប្រវែង ៤២ ០៩០ម៉ែត្រ
៨. ខ្សែទី៨ ៖ ផ្លាកសំរោង – ទឹកទុំ ឃុំដារ ឃុំគគីរ ឃុំកំពាន់ ស្រុកមេមត់ ប្រវែង ២៤ ៦៣០ម៉ែត្រ
៩. ខ្សែទី៩ ៖ ខ្លុងត្បូង – បឹងជ្រោង ឃុំចាន់មូល ឃុំជាំ ស្រុកមេមត់ ប្រវែង ១៣ ១០០ម៉ែត្រ
១០. ខ្សែទី១០ ៖ មេមត់ – ដូនរ័ត្ន ឃុំមេមត់ ឃុំទ្រៀក ឃុំរូង ស្រុកមេមត់ ប្រវែង ១០ ១០០ម៉ែត្រ។
ខ. ការងារបំពាក់ស្លាកចរាចរណ៍៖
១. ខ្សែទី១ ៖ សួង – ភ្នំចាន់ សង្កាត់សួង ឃុំជប់ ក្រុងសួង ស្រុកត្បូងឃ្មុំ ចំនួន ៨៩ស្លាក
២. ខ្សែទី២ ៖ ចាន់ទូង – សង្គមថ្មី – កៀនល្មៀត – ដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ចំនួន ៧២ស្លាក
៣. ខ្សែទី៣ ៖ វត្តដំរិល – យាកត្បូង – ត្រពាំងទា – ចក ឃុំដំរិល ឃុំចក ស្រុកអូររាំងឪ ចំនួន ៧០ស្លាក
៤. ខ្សែទី៤ ៖ សាលាឃុំព្រះធាតុ – ពោធិ៍ស្វាយមីង ឃុំព្រះធាតុ ឃុំមៀន ស្រុកអូររាំងឪ ចំនួន ៩៨ស្លាក
៥. ខ្សែទី៥ ៖ វត្តកំពង់បឹង – ថ្មប្រជុំ – ផ្លូវជាតិលេខ១១ ឃុំមៀន ស្រុកអូររាំងឪ ចំនួន ១០៥ស្លាក
៦. ខ្សែទី៦ ៖ សាលាឃុំពន្លៃ – រៀលផ្អែម ឃុំកក់ និងឃុំដូនតី ស្រុកពញាក្រែក ចំនួន ៣៤ស្លាក។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ដំណាក់កាលទី១ តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ លើចំណុចមួយចំនួន ដូចខាងក្រោម ៖
១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឱ្យអ្នកទទួលការ រៀបចំរបាយការណ៍អំពីការរាប់ចំនួនស្លាកចរាចរណ៍ឱ្យច្បាស់លាស់
២. ករណីគែមផ្លូវ ដែលបានសិករិចរិលទាបជាងតួផ្លូវ ឬកៅស៊ូ ០,៥សង់ទីម៉ែត្រ អ្នកទទួលការត្រូវតែជួសជុលតម្រង់គែមកម្រាលផ្លូវ ដោយគ្រួសថ្មម៉ិច ដើម្បីធានាបាននូវសុវត្ថិភាព និងសោភ័ណភាព និងគ្រោះថ្នាក់ផ្សេងៗនៅរថយន្តបើកកិនគែមផ្លូវនោះ។
នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យខាងលើ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ព្រមទាំងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាប្រជាពលរដ្ឋដែលជាអ្នកទទួលផល និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕
Post a Comment