ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលសេវានាំចេញ» ដើម្បីលើកកម្ពស់ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលសេវានាំចេញ» (Export Service Center-ESC) ដើម្បីលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជួយឱ្យអ្នកនាំចេញ ទទួលបាននូវការយល់ដឹងសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកាសក្នុងការបង្កើតបណ្តាញ ជាមួយនឹងអ្នកជំនាញ និងអ្នកទិញសក្ដានុពល នៅក្នុងទីផ្សារគោលដៅ។
ពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាអង្គទូត ប្រចាំនៅកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍ ជាច្រើនរូប។
ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញ (ESC) នេះ គឺជាគំនិតផ្តួចផ្តើមថ្មី របស់ក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលបំណង លើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងជួយដល់ពាណិជ្ជករ ក្នុងការត្រៀមខ្លួនក្នុងការនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្ត ក្នុងការប្រកួតប្រជែង លើទីផ្សារអន្តរជាតិផងដែរ។
ចំពោះ លោក លោកស្រី តំណាងអាជីវកម្ម និងម្ចាស់សហគ្រាស ដែលមានបំណងចង់យល់ដឹង បន្ថែមអំពីនីតិវិធីពាក់ព័ន្ធនឹងការនាំចេញ អាចធ្វើការទាក់ទងមកកាន់ មជ្ឍមណ្ឌលសេវានាំចេញ ដែលមានទីតាំងនៅទីស្តីការក្រសួងពាណិជ្ជកម្ម រៀងរាល់ម៉ោងធ្វើការ ឬហៅមកកាន់ប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬស្វែងរកព័ត៌មានបន្ថែមលើគេហទំព័រ៖ https://exportservicecenter.moc.gov.kh៕
Post a Comment