រដ្ឋមន្ត្រីសុខាភិបាល ស្នើមិត្តចិនជួយលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈការធ្វើទំនើបកម្មក្នុងការផលិតសារអប់រំតាមតាមបច្ចេកវិទ្យាទំនើប AI និងជំនួយផ្សេងៗទៀត
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនលោកនាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង ៣ចំណុច និងបានសំណូមពរដល់ភាគីមិត្តពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈការជួយធ្វើទំនើបកម្មក្នុងការផលិតសារអប់រំតាមតាមបច្ចេកវិទ្យាទំនើប AI ឬការផ្ដល់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប។
ជាងនេះទៅទៀតលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើមិត្តចិនពិចារណាពីលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យឯកជនលំដាប់អន្តរជាតិ ដែលមានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើប និងមានធនធានមនុស្សគ្រប់គ្រាន់ ការចែករំលែកគំនិត និងចំណេះដឹងក្នុងកាលើកទឹកចិត្តបុគ្គលិកសុខាភិបាលឱ្យស្ម័គ្រចិត្តអាចបំពេញការងារនៅតាមតំបន់ដាច់ស្រយាល ព្រមទាំងស្វាគមន៍ដល់ការចែករំលែកបទពិសោធន៍ ស្ដីពីការផ្តល់សេវាសុខាភិបាលតាមរយៈប្រព័ន្ធពិនិត្យជំងឺពីចំងាយ (Telemedicine) និងការអភិវឌ្ឍន៍ Digital Health។
ជាការឆ្លើយតប លោកនាយកប្រធានប្រតិភូ បានថ្លែងនូវអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងទទួលយកប្រសាសន៍របស់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងពិចារណាគិតគូពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងស្វាគមន៍អញ្ជើញគណៈប្រតិភូក្រសួងសុខាភិបាល ទៅបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង នាពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ។
ទន្ទឹមនឹងនោះលោកនាយកប្រធានប្រតិភូ ក៏បានបញ្ជាក់អំពីគោលបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការលើកកម្ពស់ការវិនិយោគជាមួយព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល មានដូចជា ឱសថ ផលិតផលសុខភាព ឧបករណ៍វេជ្ជសាស្ត្រ និងការគ្រប់គ្រងមន្ទីរពេទ្យបែបទំនើប។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកនាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង ដែលបានបញ្ជាក់ជំហរ ក្នុងការរួមចំណែកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
Post a Comment